ឯកឧត្ដម មាន ចាន់យ៉ាដា ចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ ដង្កូវហ្វូង កំពុងរាតត្បាតលើដំណាំស្រូវនៅស្រុកចុងកាល់

0

ឧត្តរមានជ័យ៖ ឯកឧត្ដម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព និង​ការ​អនុវត្ត​វិធានការ​កម្ចាត់​ដង្កូវ​ហ្វូង​កំពុង រាតត្បាត​លើ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ លើ​ផ្ទៃដី​សរុប ៩៥​ហិ​កតា នៅ​ក្នុង​ឃុំ​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ឯកឧត្ដម មាន ចាន់​យ៉ា​ដា មាន​ប្រសាសន៍​ថា ដើម្បី​កម្ចាត់ និង​ទប់ស្កាត់​ដង្កូវ​ហ្វូង​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ចុះ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​អំពី​វិធីសាស្ត្រ លាយថ្នាំ​កម្ចាត់​ដង្កូវ​តាម​គោលការណ៍​របស់​ក្រសួង នឹង​ចុះ​បាញ់ថ្នាំ​ជាក់ស្តែង​នៅ​តាម​តំបន់ ហានិភ័យ​ទាំង ៤​ឃុំ​នេះ​។

ឯកឧត្តម​ក៏​បាន​ផ្តល់​ធុង​បាញ់ថ្នាំ​ដល់​មន្ត្រី​កសិកម្ម​ឃុំ និង​ណែនាំ​ដល់​មន្ទីរ​ជំនាញ ជួយ​បាញ់ថ្នាំ​សម្លាប់​ហ្វូង​ដង្កូវ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ជូន​ដល់​ប្រជា​កសិករ​ឱ្យ​បាន ពេលវេលា​៕