ក្រសួងការពារជាតិ នារសៀលថ្ងៃទី១៤ ខែកក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្ត្រជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្គ្រោះនៅឡើយទេ ។
ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ជាមួយគ្នានោះសមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
ក្រសួងការពារជាតិ បានថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ ។ សូមអរគុណចំពោះវិស័យឯកជន ដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។
តាមក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ចុះអ័ព្ទខ្លាំង។ ខណៈដែរក្រុមការងារជួយសង្គ្រោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ៕