ព្រឹត្តិការណ៍ Big Bike Meeting EliteNight បានជំរុញ និងបង្កើនគោលដៅទាក់ទាញទេសចរណ៍ ទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាប

0

សៀមរាប៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ក្លឹ​ប FRIENDLY BIKER CAMBODIA បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​Big Bike Meeting EliteNight នេះ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​តាម​រយៈ​វិស័យ​កីឡា​ម៉ូតូ​ធំ​ស្រប​ពេល​ដែល​ក្រសួងទេសចរណ៍​ខិតខំ​ប្រឹងប្រែង​ជំរុញ​និង​បង្កើន​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា​ខេត្តសៀមរាប​ស្រប​តាម​ផែនការមេ “​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២១-២០៣៥”​។

លោក ង៉ូ​វ សេង​កាក់ អភិបាលរង​ខេត្តសៀមរាប មាន​ប្រសាសន៍​ថា ខេត្តសៀមរាប ជា​តំបន់​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ហើយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។

ក្នុង​ឱកាស​នោះ ឯកឧត្តម គុ​ជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ព្រមទាំង​ក្លាយជា​អារ្យ​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់ ជាមួយនឹង​ស្នាមញញឹម និង ក្តី​សង្ឃឹម រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ជា​ច្រើន​ចំណុច​ទៅ​តាម​វិស័យ​ក្នុង​នោះ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ចំណុច​ជា​ច្រើន​ដូច​ជា​៖ ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ជា​ទេសចរណ៍វប្បធម៌ និង ធម្មជាតិ​ដែល​ត្រូវ​បាន​ចាត់ទុកជា “​មាស​បៃតង​” ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ទេសចរណ៍ ដូច​ជា​ផ្លូវ ទឹក​ស្អាត អគ្គិសនី ព្រ​លាន​យន្តហោះ ប្រព័ន្ធ​ទូរគមនាគមន៍​ឱ្យ​បាន​ល្អ​ប្រសើរ និង​ពង្រឹងសមត្ថភាព​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ការ​លើកកម្ពស់​ប្រសិទ្ធភាព​អភិបាលកិច្ច និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​បន្ត​ជម្រុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង រំហូរ​ទេសចរ​អន្តរជាតិ​ក្នុង​ការ​ទស្សនា​ប្រទេស​កម្ពុជា​និង​បន្ត​ពង្រីក​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តាម​គោលដៅ​នានា​ដូច​ជា សហគមន៍​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​អន្តរ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ល្អ​ប្រសើរ​៕