ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការ ដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញផ្ដល់ បណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេ ជូនដល់បងប្អូន អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងក្រើនរំលឹកឱ្យ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ត្រូវយកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៥នាក់ បន្តទទួលបានបណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន២កំប្លេ។
លោក ម៉េត មាសភក្តី បានបន្តថា ក្រៅពីនេះបងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់ អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណសមធម៌នេះ ដើម្បីឱ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។
បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំង ជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿង ឧបភោគ បរិភោគ ម៉ាស អាកុល់ និងជែល ជូនពួកគាត់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ម៉េត មាសភក្តី ក៏បានជូនពរឱ្យបងប្អូនអ្នក ធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ចៀសវាងនឹងជំងឺផ្សេងៗ តែបើមានជំងឺបងប្អូនក៏ អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូនមានបណ្ណសមធម៌ ដែលអាចទៅពិនិត្យក៏ដូចជា ព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។
លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុំ រស់ អ៊ាង ភេទ ប្រុស អាយុ៦៦ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿង ឧបភោគ បរិភោគនិងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់បណ្ណសមធម៌ ដែលអាចឱ្យ ពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។
សូមបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤៥ ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយម បារាំងមកម្លេះ៕