៦ខែដើមឆ្នាំ២០២៤នេះ សំណុំរឿងចរាចរណ៍ទូទាំងប្រទេសចំនួន ៣៤៦០ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០%

0

ភ្នំពេញ៖ សំណុំរឿងចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសបើកយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។

ចំពោះ សំណុំរឿងចរាចរណ៍ ដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ១០៤១, តុលាការបាន ដោះស្រាយចំនួន ៨៩៣ ស្មើនឹង ៨៦% ហើយនៅសល់តែ ១៤៨ តែប៉ុណ្ណោះ ដែលកិច្ចប្រជុំនៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានឯកភាពគ្នា ដាក់ចេញនូវទិសដៅក្នុងការខិតខំដោះស្រាយឱ្យ បានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់នៅសល់ ១៤៨ ករណីនេះ នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយះពេល ៦ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នាថ្ងៃទី១១ ខែកក្កដានេះ ក្រសួងយុត្តិធម៍ បានឱ្យដឹងថា អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ អ្នកដទៃស្លាប់ គឺ ត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយ ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការ កែទម្រង់នេះ។

ជាមួយគ្នានោះ ក្នុងសំណុំរឿង ចរាចរណ៍ ក៏ដូចជានៅក្នុងសំណុំរឿងផ្សេងទៀតដែរ, “ខុស ឬ ត្រូវ គឺអាស្រ័យទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាង”។ រីឯការដោះស្រាយសំណងជូនដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្ត ទុកដាក់ និងឆាប់រហ័ស។ ខណៈដែរ ចំណាត់ការផ្លូវច្បាប់ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបាន ធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន៕