ពលរដ្ឋក្នុងភូមិអង្កោលកំពុងមមាញឹកប្រមូលយកគី មកធ្វើកាពិ តាមបែបប្រពៃណី ខណ:តម្លៃ និងទីផ្សារកាន់តែល្អ

0

កែប៖ ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អង្កោល​នៃ​ទឹកដី​ខេត្ត​កែប បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​កំពុង​មមាញឹក​ប្រមូល​ផល​គី ដើម្បី​យក​មក​ធ្វើ​កាពិ​តាម​បែប​ប្រពៃណី​។ ការ​ធ្វើ​កាពិ​ជា​មុខរបរ​សំខាន់​មួយ​របស់​ប្រជា​នេសាទ​សមុទ្រ​តាំងពី​ដើម​មក ព្រោះ​កាពិ​ជា​គ្រឿងផ្សំ​សំខាន់​សម្រាប់​បន្ថែម​ឱជា​រស​ទៅ​លើ​មុខម្ហូប​អាហារ ជា​ពិសេស​បុកល្ហុង និង​សម្រាប់​ទទួលទាន​ជាមួយ​ម្ជូរ​តែ​ម្តង​។ ក្នុង​កាពិ​មួយ​គីឡូ គេ​អាច​លក់​បាន​ក្នុង​តម្លៃ ១២.០០០​រៀល ទៅ ២០.០០០​រៀល រីឯ​គី​ស្រស់​សម្រាប់​យក​មក​ធ្វើកា​ពិល​ក់បាន​៣.៥០០​រៀល ទៅ​៥.០០០​រៀល​។

អ្នកស្រី មាស មុន និង​អ្នក​ភូមិ​ដទៃ​ទៀត រស់នៅ​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ប្រាប់​ឱ្យ​ដឹង​ថា ជាង​១​ស​ប្តា​ហ៍​ហើយ ពួក​គាត់​អាច​ប្រមូល​ផល​គី ដើម្បី​យក​មក​ធ្វើ​កាពិ​។ គី ជា​ប្រភេទ​សត្វ​សមុទ្រ​ម្យ៉ាង​មាន​សណ្តាន​ស្រ​ដៀង​កូន​កំពឹស​ទឹកសាប តែ​មិនមែន​ជា​កូន​បង្គា​ទេ​។ ពលរដ្ឋ​ខេត្ត​កែប​ប្រើ​ឧបករណ៍​ឈិ​ប​រុញ ដើម្បី​ចូក​យក​សត្វ​គី​នៅ​តាម​តំបន់ឆ្នេរ​ទឹក​រាក់ ដោយ​ក្នុង​មួយ​ថ្ងៃ​គេ​អាច​រក​គី​បាន​ចន្លោះ​ពី​២០ ទៅ​៣០​គីឡូ​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា គី​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​កាពិ ហើយ​ខ្លះ​ក៏​យក​ធ្វើ​ជា​ចំណី​សត្វ​ផង​ដែរ​។ ប៉ុន្តែ​សម្រាប់​អ្នក​ភូមិ​អង្កោល​ប្រមូល​ផល​គី ដើម្បី​យក​ធ្វើ​កាពិ​ទាំងអស់​។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា កាពិ​ងាយស្រួល​ធ្វើ ដោយ​គ្រាន់តែ​រើស និង​លាង​គី​ឱ្យ​ស្អាត​យក​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត រួច​យក​មក​បុក​លាយ​អំបិល និង​ស្ករត្នោត ឱ្យ​ហ្មត់​ជា​ការ​ស្រេច​។ កាពិ​ជា​គ្រឿងផ្សំ​មិន​អាច​ខ្វះ​បាន​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ គេ​អាច​យក​កាពិ​ច្នៃ​ជា​មុខម្ហូប និង​ជា​គ្រឿងផ្សំ ដូច​ជា​កាពិ​ផាវ ទឹកជ្រលក់ បុកល្ហុង បុក​ក្តាមប្រៃ បុក​មី ជាដើម​។​ល​។ ការ​ធ្វើ​កាពិ ចេះ​ត​ពី​ដូនតា​មក ហើយ​បច្ចុប្បន្ន​នៅ​តែ​បន្ត​ធ្វើ​កាពិ​ធម្មជាតិ​តាម​បែប​ប្រពៃណី​ដដែល ដោយ​ក្នុង​១​រដូវ គ្រួសារ​ខ្លះ​អាច​ធ្វើ​កាពិ​បាន​ពី​២ ទៅ​៣​តោន សម្រាប់​លក់​ទៅ​ឱ្យ​ឈ្មួញ ក្នុង​តម្លៃ​ចន្លោះ ពី​១២.០០០ ទៅ ២០.០០០​រៀល​ក្នុង​គីឡូក្រាម​។

ទន្ទឹម​នឹង​នេះ លោក ភឺន ផល្លា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប បាន​គូសបញ្ជាក់​ថា ជា​ទូទៅ​គេ​មិន​អាច​នេសាទ​គី​បាន​រាល់ថ្ងៃ​នោះ​ទេ រដូវ​ប្រមូល​ផល​គី មាន​តែ​បី ទៅ​បួន​ខែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ គឺ​ចាប់ពី​ចុងខែ​មិថុនា ដល់​ខែកញ្ញា​។ ហើយ​ចំពោះ​ការ​ធ្វើ​កាពិ​របស់​ពលរដ្ឋ​ខេត្ត​កែប​គឺ​មានគុណ​ភាព និង​អនាម័យ​ល្អ​ជាង​មុន តែ​នៅ​តែ​ត្រូវការ​បណ្តុះបណ្តាល​បន្ថែម​ពី​អ្នកជំនាញ​។

ជាមួយ​គ្នា​នេះ​ដែរ លោកនាយ​រង បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​មក​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​អនាម័យ​ក្នុង​ការ​ផលិត និង​របៀប​វេច​ខ្ចប់​ជាដើម ដើម្បី​អាច​យក​ផលិតផល​ប្រចាំ​តំបន់​មួយ​នេះ​វាយលុក​ទីផ្សារ​បាន​។

សូម​ជម្រាប​ជូន​ថា ខេត្ត​កែប​មាន​សហគមន៍​នេសាទ​ចំនួន​៥ និង​មាន​តំបន់​អភិរក្ស​សមុទ្រ​នៅ​តំបន់​ប្រជុំ​កោះ​ផង​ដែរ ធ្វើ​ឱ្យ​ផល​នេសាទ​ខេត្ត​កែប​មានការ​កើនឡើង​បន្តិចបន្តួច​រាល់​ឆ្នាំ​។ ជាក់ស្តែង​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ ខេត្ត​អាច​ប្រមូល​ផល​នេសាទ​បាន ២.៧០០​តោន ដោយ​មិន​បាន​រាប់​បញ្ចូល​ចំនួន​ផល​នេសាទ​គី​នៅឡើយ​ទេ​៕