ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលមាត្រាមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យនេះឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។
គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីកំណត់យន្តការ និងវិធានការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យនៅតាមដីចំណីផ្លូវដែក និងស្តង់ដារបច្ចេកទេសសមស្របសម្រាប់ប្រព័ន្ធការពារផ្លូវដែក ជាពិសេសរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវដែក។
សូមបញ្ជាក់ជូនថា ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។
ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។
ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ។
បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)៕