អភិបាលខេត្តតាកែវ ប្ដេជ្ញាបង្ក្រាបក្មេងទំនើងឱ្យអស់ ចេញពីក្នុងមូលដ្ឋានខេត្តតាកែវ

0

តាកែវ៖ ឯកឧត្តម វី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ប្ដេជ្ញា​ចិត្ត និង​ដាក់ ចេញ​វិធានការ​ដ៏​ម៉ឺងម៉ាត់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង​តូច​បងធំ ដែល​តែងតែ​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ទីប្រជុំជន​សួនច្បារ និង​ទី​សារ​ធារ​ណៈ​ឱ្យ​អស់ ចេញពី​ក្នុង​មូលដ្ឋាន​ខេត្ត​។

ឯកឧត្តម​លើក​ឡើង​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០២ អាណត្តិ​ទី​០៤ របស់​ក្រុមប្រឹក្សា​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​រដ្ឋបាល ខេត្តតាកែវ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ លោក លោកស្រី​អភិបាលរង​ខេត្តតាកែវ ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរង​ក្រុង​ស្រុក និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ផង​ដែរ​។

ឯកឧត្តម វី សំណាង បាន​បន្ត​ថា ដើម្បី​លុប​បំបាត់​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នេះ ក្នុង​នាម​ខ្ញុំ​ជា​អភិបាល​ខេត្តតាកែវ សូម​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​តាមដាន​រាល់​សកម្មភាព​អុកឡុក​ផ្សេង​ៗ របស់​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ ដែល​ធ្វើ ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ភាព​ភ័យ​ខ្លាច និង​កំណត់​មុខសញ្ញា​ទីតាំង ហើយ​ធ្វើការ​ចុះ​បង្ក្រាប ឱ្យ​បាន​ទាន់​ពេលវេលា​។

ក្នុង​នោះ​ដែរ ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រឿងញៀន បង្ក្រាប​និង​ទប់ស្កាត់ រាល់​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​។ ព្រោះ​គ្រឿងញៀន វា​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា និង​ក្រុម​ក្មេង​ក្មេង​ទំនើង​នេះ​កើតឡើង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏​បាន​អំពាវនាវ ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តតាកែវ បន្ត​គាំទ្រ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ទាំងអស់​គ្នា​បន្ត​ទៀត​។​គម្រោង​មួយ​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍ ជា​ច្រើន​ដល់​ប្រជាជន​និង​សង្គម​ជាតិ​យើង​ទៅ​អនាគត ហើយ​នៅ​ថ្ងៃ​ទី​05 ខែសីហា​ឆ្នាំ​2024​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​វាយគង​ទូងស្គរ​គោះ​ត្រដោក ឱ្យ​បាន​អធិក​អ​អម​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ រដ្ឋបាល​ខេត្តតាកែវ​នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី និង​ការ​ប្រកួត​បាល់ទាត់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​និង​អបអរសាទរ​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​៕