ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងថានឹងសម្លាប់ និង​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៧:០០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​និង​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ (​កាន់​កាំបិត​បុ័ងតោ​, កាំបិត​ចុង​ស្រួច​និង​ប្រើ​កាំភ្លើងខ្លី​ជ័រ​គំរាមកំហែង​លើ​ជន​រង​គ្រោះ​អ្នក​នៅផ្ទះ​ជិតខាង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៦M ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៧ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ ជា​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែ កក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៨:៥៦​នាទី ។

ជនសង្ស័យ​មាន​ឈ្មោះ ហួត សុធី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥៦GEOZ ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៧ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ​ត្រួតពិនិត្យ​និង​ចាប់​យក​វត្ថុ​តាង​ក្នុង​បន្ទប់​ផ្ទះ​ជនសង្ស័យ​ខាងលើ​ស្នាក់​នៅ​រួម​មាន​៖
១-​កូនកាំបិត​ចុង​ស្រួច​ចំនួន​០៥​ដើម
២-​កាំបិត​បុ័ងតោ​១​ដើម
៣-​ឬ​ស្សី​សម្រាប់​ពាក់​ដើមដៃ​០២
៤-​ឬ​ស្សី​ដាំ​ដែកគោល​ចំនួន​០៣​បន្ទះ
៥-​កាំភ្លើងខ្លី​ជ័រ​ចំនួន​០១
៦-​ដំបង​ឬ​ស្សី​ចំនួន​០១ មាន​ប្រវែង​១,១០​ម៉ែត្រ ។
៧-​ស្រោម​កាំបិត​ចំនួន​០២ (​ជា​របស់​ជនសង្ស័យ​ខាងលើ​ប្រើ​គំរាមកំហែង​ដល់​ជន​រង​គ្រោះជា​អ្នក​ភូមិ​ជា​ញឹកញាប់​) ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី៕