គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ​មេគង្គ​ (ដីឥដ្ឋ-ថ្មគរ)ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន

0

ភ្នំពេញ​៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​) មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អា​គ្ន​យ៍​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​ត្រើយ​ខាងលិច នៃ​មហាវិថី ស៊ី ជី​ន​ពីង និង​ត្រើយ​ខាងកើត​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ស្ថិត​ក្នុង​ដំណាក់កាល​សង់​ផែ​បណ្តោះអាសន្ន ,​ឃ្លាំង​ស្តុក​សម្ភារៈ​គ្រឿងចក្រ និង​រៀបចំ​ឧបករណ៍​ខួង​គ្រឹះ​សសរស្ពាន​។​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​ជា​ប្រភេទ​ស្ពានបេតុង ដោយ​តួ​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​មាន​ប្រវែង​សរុប ៣ ៧០០​ម៉ែត្រ ,​តួ​ស្ពាន​មាន​ប្រវែង​សរុប ១ ៦០០​ម៉ែត្រ និង​ទទឹង​២៦​ម៉ែត្រ ព្រមទាំង​សាងសង់​ស្ពាន​អាកាស​រំលង​ផ្លូវជាតិ​លេខ​១​ប្រវែង ១២០​ម៉ែត្រ​។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​ប្រើប្រាស់​ថវិកា​ក្រោម​ក្រប​ខណ្ឌ​មូលនិធិ​ទ្រទ្រង់​ថវិកា​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អភិ​វ​ធ្ឍ​ន៍ ដោយ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រើប្រាស់​រយៈពេល​សាងសង់ ៤៨​ខែ គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២៧​។​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC)​ជា​អ្នក​ទទួល​សាងសង់ ដោយ​បាន​រៀបចំ​ទីតាំង​សម្រាប់​ការ​ស្នាក់​នៅ ការិយាល័យ ឃ្លាំង និង​កន្លែង​រោង​ជាង​ផលិត​គ្រឿងសំណង់​រួចរាល់​។ ទន្ទឹម​នឹង​នោះ​CRBC កំពុង​សាងសង់​ផែ​បណ្តោះអាសន្ន​មួយ​កន្លែង សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​ដោយ​សម្រេច​បាន​៨០%​ហើយ និង​បាន​រៀបចំ​ផ្លូវ​ចូល​ការដ្ឋាន​បាន​រួចរាល់​។ ឧបករណ៍​ខួង និង​ឧបករណ៍​គ្រឿងចក្រ​ផ្សេង​ៗ និង​សម្ភារៈ​សំណង់​មួយ​ចំនួន​ទៀត​សម្រាប់​បម្រើ​អោយ​ការ​សាងសង់ បាន​ត្រៀម​រួចរាល់​សម្រាប់​នាំ​ចូល​ពី​ប្រទេស​ចិន អាច​នឹង​មក​ដល់​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ដើម្បី​ដំណើរការ​ចាប់ផ្ដើម​សាងសង់។

ស្រប​ពេល​ជាមួយ​គ្នា​នៃ​ការ​បញ្ចប់​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ត្រូវ​ប្រសិទ្ធិ​នាម​ជា មហាវិថី​ស៊ី ជី​ន​ពីង ស្ពាន​នេះ​មាន​សារសំខាន់ ដោយ​ត​ភ្ជាប់​ចរាចរណ៍​ភូមិសាស្ត្រ​ភាគ​ខាងលិច ទៅ​ខាងកើត​នៃ​ទន្លេមេគង្គ និង​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ បា​វិត ដែល​ជា​ច្រក​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច ទេសចរណ៍ និង​ភស្តុ​ភា​កម្ម​៕