មណ្ឌលគិរី ៖ កាលពីថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកកដ្កា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅត្រង់ចំណុចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ព្រមទាំងមានការសហការចូលរួមពីម្ចាស់ផ្ទះសំណាក់ផងដែរនោះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក គុជ ម៉េងធូចៅសង្កាត់ស្ពានមានជ័យព្រមទាំងលោកអនុភូមិចំបក់ផងដែរ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ១-ឈ្មោះ ម៉ាន រ៉សាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មាន មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ ២-ឈ្មោះ សុផល ភាព ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀន ចំនួន ១២កញ្ចប់ធំល្មម ទម្ងន់ ១៧.៣៦ ក្រាម ថ្លឹងទាំងសំបក
-ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Excenter ពណ៌ខ្មៅ ០១គ្រឿង, ម៉ាក ZoomerX ពណ៌ត្រួយ ចេក ០១គ្រឿង)
-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Oppo ០១គ្រឿង និងអ៉ិនចុចពិល ០១គ្រឿង)
-បារីអេឡិចត្រូនិច ០១គ្រឿង និងក្បាលបារីអេឡិចត្រូនិច ០១គ្រឿង
-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕