ក្រសួងសាធារណការ គ្រោងនឹងបង្កើតអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីលុបបំបាត់ការទន្ទ្រាន

0

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមពិនិត្យពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស។

អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។

អង្គប្រជុំខាងលើ បានពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីធានាសេចក្តីព្រាងអនុក្រឹត្យមានទម្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងឆ្លើយតបទៅតាមការវិវត្តស្ថានភាពជាក់ស្តែងនៃវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។

យោងតាមគេហទំព័រនៃក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។

ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និង​ផ្លូវ​ដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។ ផ្លូវដែក​ទាំង​ពីរ​ខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំង​ស្រុងដោយរបប​កម្ពុជា​ប្រជាធិបតេយ្យ។

ប្រភពដដែល បានបន្តថា បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) ដែល ផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. ភ្នំពេញ-ក្រុងព្រះសីហនុ / ក្រុងព្រះសីហនុ-ភ្នំពេញ

២. ភ្នំពេញ-កំពត / កំពត-ភ្នំពេញ

៣. ភ្នំពេញ-តាកែវ / តាកែវ-ភ្នំពេញ

៤. ក្រុងព្រះសីហនុ-កំពត / កំពត-ក្រុងព្រះសីហនុ

៥. ​ក្រុងព្រះសីហនុ-តាកែវ / តាកែវ-ក្រុងព្រះសីហនុ

និង៦. តាកែវ-កំពត / កំពត-តាកែវ ៕