ភ្នំពេញ៖ អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ទិដ្ឋភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី០១-០៤ ខែកក្កដា ឆ្នាំ២០២៤ ដែលជាមធ្យមមានអ្នកដំណើរប្រមាណជាង ២ ០០០ នាក់ក្នុង ១ថ្ងៃ។ ឯកឧត្ដមបានលើកឡើងថា តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី០១ ដល់ទី០៤ ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាបនៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឱ្យដឹងទៀតថា ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង ២ ០០០ នាក់ ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។
ឯកឧត្ដមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់ ហើយ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន រវាងខែមិថុនា ធៀបនឹងខែឧសភា ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%៕