មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានបទបញ្ជាពីឯកឧត្តម ចាន់ រតនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ដមណ្ឌលគិរី នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបករណីលួចម៉ូតូ ករណីទទួលផលចោរកម្ម និងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៣នាទី នៅត្រង់ចំណុច ខារាអូខេ៩៩៩៩ ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋស្រែខ្ទុមបានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងជនរងគ្រោះ ទី២ មានឈ្មោះ ឡាយ ផានិត ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថាមានករណី ចោរលួច(ម៉ូតូ)នៅពេលនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យរហូតដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង ៣៣នាទី កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំង KTV ៩៩៩៩ ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះនិងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញ៉ូងសែនជ័យបាន ចុះទៅដល់ទីតាំង KTV៩៩៩៩ហើយក៏បានធ្វើការចាប់ខ្លួនជនសង្ស័យបាន ចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ លី ស្រឡស់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន(+)។ ២-ឈ្មោះ កូប មូសា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន(+)។
វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១០កញ្ចប់
-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ក្រោយការសាកសួរចម្លើយ ដោយសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរី នៅថ្ងៃខែឆ្នាំដដែល រហូតដល់វេលាម៉ោង២២ និង០០នាទីយប់។ លុះដល់ព្រឹកឡើង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើការសាកសួរ និងស្ដាប់ចម្លើយពីជនសង្ស័យហើយ ក៏បានក្តាប់បាននូវមុខសញ្ញា នៃអ្នកទទួលផលចោរកម្ម និងមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកស្នួល ខេត្តក្រចេះ លោកវរសេនីយ៍ឯក ហេង អ៊ួង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដី ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ និងកំណត់បាននូវទីតាំងរួចមកកម្លាំងសមត្ថកិច្ចបានធ្វើការចុះពិនិត្យនូវទីតាំងចំនួន ៤ ដែលពាក់ព័ន្ធទទួលផលចោរកម្មម្ចាស់ទីតាំង ទី១មានឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុច KVT ហង្សជឺ ស្ថិតនៅភូមិ គ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឃើញមានម៉ូតូ ចំនួន ៨គ្រឿង ហើយក្នុងនោះឃើញថា (ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកសមុទ្រ អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់។ ម្ចាស់ទីតាំងទី២មានឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុចផ្សារកាបី មានឃើញ ម៉ូតូ ចំនួន ១៤គ្រឿង ហើយក្នុងនោះឃើញថាមាន (ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួច យកទៅលក់ និងឃើញបំណែកក្បាំងម៉ូតូ ពណ៌ទឹកសមុទ្រ មួយចំនួន (ដែលបោះបំបែក ជារបស់ជនសង្ស័យ)។ ទីតាំងទី៣ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុចកំណរក្បាំងម៉ូតូ មានឃើញម៉ូតូចំនួន២គ្រឿង ក្នុងនោះ (ម៉ូតូពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់ និង( ម៉ូតូពណ៌ ទឹកសមុទ្រអត់ក្បាំង អត់ស្លាកលេខ) ១គ្រឿងទៀត ជារបស់ជនសង្ស័យលួចយកទៅលក់។ ទីតាំងទី៤ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុចមុខមណ្ឌលសុខភាព គ្រញ៉ូងសែនជ័យ ឃើញមានម៉ូតូ ចំនួន ១៦គ្រឿង និងក្បាំងម៉ូតូជាច្រើន។
ក្នុងករណីខាងលើនេះបច្ចុប្បន្ន ត្រូវបានញែកចេញជា ២ករណី ៖ ទី១-ករណីចោរកម្មលួច និងទទួលផលចោរកម្ម ព្រមទាំងជនសង្ស័យ និងវត្ថុតាងម៉ូតូខាងលើផែនព្រហ្មទណ្ឌ កសាងសុំណុំរឿង ។ ទី២-ករណីរក្សាទុកនិងវត្ថុតាងថ្នាំញៀន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កសាងសុំណុំរឿង។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងជំនាញទាំង២ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕