គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៩៥,៣៨%ហើយ គ្រោងបញ្ចប់មុនកិច្ចសន្យាមួយឆ្នាំ

0

កំពត​៖ គម្រោង​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣១ ប្រវែង​សរុប ៥៣,៥៣ គីឡូម៉ែត្រ (​ចាប់ពី​បែក​គុ​ស ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣ រហូត​ទៅ​ដល់​ទីរួមស្រុក​កំពង់ត្រាច ចំណុច​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣) សម្រេច​បាន ៩៥,៣៨%​ហើយ គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​២០២៤​នេះ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ គម្រោង​ខ្សែ​ផ្លូវ​ដ៏​សំខាន់​នេះ នឹង​សម្រេច​មុន​កិច្ចសន្យា​មួយ​ឆ្នាំ ដោយ​ធានា​កម្រិត​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស​ខ្ពស់​។

ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ និង​ជានា​យក​គម្រោង​ស្ដារ និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣១ បាន​ដឹកនាំ​ក្រុមការងារ អនុ​វត្ថ​ការងារ​ដោយ​ទំនួល​ខុស​ត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​គម្រោង​ដ៏​សំខាន់​មួយ​នេះ​។

យោង​តាម​របាយការណ៍​វឌ្ឍនភាព​បានឱ្យ​ដឹង​ថា ការងារ​អ៊ុត​កៅស៊ូ​បេតុង AC ទាំង​២​ស្រទាប់ បាន​បញ្ចប់​១០០​ភាគរយ ចំណែកឯ​ការងារ​បំពាក់​សម្ភារ​សុ​វត្តិភាព​ចរាចរណ៍​(​គំនូស​ចរាចរណ៍ ផ្លា​ក​សញ្ញា ផ្លា​ក​បង្ហាញ​ទិស​ផ្លូវ របារ​-Guardrail និង​ការងារ​ចាំបាច់​ផ្សេង​ៗ​ជា​សំណូមពរ​ក្រុមការងារ និង​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​) គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ខែសីហា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​៕