ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យច្រាំងទន្លេដែលរងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

0

កំពង់ចាម​៖ នៅ​ថ្ងៃ​ពុធ ១២​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ ចុះ​ពិនិត្យ​ការ​បាក់​ច្រាំង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​អគ្គនាយក និង​ក្រុមការងារ​បច្ចេកទេស ដោយ​មានការ​ចូលរួម​ពី​លោក​ប្រធាន និង​មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យ​ច្រាំង​ទន្លេ​នៅ​ទីតាំង​ចំនួន​៤ ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​៤ នៃ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម គឺ​៖ ១)​ភូមិ​បឹង​កា​ចូ​ត ឃុំ​ព្រៃ​កក់ ២)​ភូមិ​ខ្ពប​តា​ងួ​ន ឃុំ​ខ្ពប​តា​ងួ​ន ៣)​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង និង ៤)​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា​។

ឯកឧត្តម ឈុ​ន ពុទ្ធា​រិ​ទ្ធ បាន​បញ្ជាក់​ថា ការ​បាក់​ច្រាំង​ទន្លេ​នេះ​បណ្តាល​មក​ពី​បម្រែបម្រួល​ចរន្តទឹក ដោយសារ​ការ​រីក​ដុះ​ដី​កាន់តែ​ធំ​នៅ​ខាង​មុខ​ច្រាំង​បាក់ និង​ជម្រាប​ទឹក​ក្រោម​ដី​ផ្នែក​ខាងលើ​។ ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្ដម​អគ្គនាយក​ក៏​បាន​ស្នើ​ឱ្យ​មានការ​ចុះ​សិក្សា​គ្រោង​ប្លង់​លម្អិត និង​លើក​គម្រោង​តម្លៃ​ប៉ាន់ស្មាន ពី​សំណាក់​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ ព្រមទាំង​ក្រុមការងារ​ដ្រូ​ន Lidar ផង​ដែរ​៕