ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៥០D ផ្លូវសហព័ន្ធរុស្ស៊ី ក្រុម០៥ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៩គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើរនឹង៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៥ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង០៨ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តបុរី ប៉េង ហួត បឹងស្នោរ ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ) ឆេះខូចខាតអេប៉ុង ផ្នែកខាងក្រោមដីអស់២០ភាគរយ ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១១និង២០នាទីព្រឹកនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ។ ដោយឡែក ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ