បាត់ដំបង ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០ និង០០នាទី នៅចំណុចក្រុមទី០៤ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (ម៉ូត) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ាត់ ម៉ាត់លី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1B-3366 ជិះយកទៅបាត់ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោង២៣និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ទើបបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាយ គឹមសាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមានម៉ូតូចំនួន០១ ជារបស់ជនរងគ្រោះ ។ ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕