ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ យោងតាមការបង្ហាញពីឈ្មោះ ឌិន ចាន់សុផា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឆ្លេីយសារភាពថាខ្លួនបានទិញថ្នាំញៀន ប្រភេទមេតង់ហ្វេតាមីនពីឈ្មោះ ប៉ុក សារិន ហៅឃឹម។
ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០និង០០នាទីព្រឹក កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដើរល្បាតឃេីញមុខសញ្ញាជួញដូរថ្នាំញៀនកំពុងបេីកបររថយន្តម៉ាកLuxes RX 300 ស្លាកលេខភ្នំពេញ 2AP-1530 នៅចំណុចម្ដុំចំការម៉ៃសាក ស្ថិតនៅភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់រថយន្តឲ្យឈប់ តែមិនសហការ ជនសង្ស័យបានព្យាយាមបេីករត់គេចដល់ចំណុចលេីផ្លូវជាតិលេខ៥ នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ស្ថិតនៅភូមិក្រពេីរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាក ខេត្តពោធិ៍សាត់ កម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងសហការជាមួយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យព្រមទាំងរថយន្តខាងលេី នៅវេលាម៉ោង១១និង០៧នាទីព្រឹក។
លោកវរសេនីយ៍ឯក កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ប៉ុក សារិន ហៅឃឹម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្ម) នឹងវត្ថុតាងរួមមានទូរសព្ទចំនួន២គ្រឿង ,កុំព្យូទ័រយួរដៃចំនួន១គ្រឿង ,ដែកកេះចំនួន១ ,កាបូបលុយចំនួន១ ,លុយខ្មែរ ៥០០០០៛ ,សៀវភៅកត់ត្រា ទិញលក់ថ្នាំញៀនចំនួន១ក្បាល ,រថយន្ត Lexus RX300 ពណ៌ស ស្លាកលេខ 2 AP-1530 លុះដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្លាំង អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់បានចុះឆែកឆេរផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដកហូត ម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ក្រហម មិនចាំឆ្នាំ ពាក់ស្លាកលេខ ពោធិ៍សាត់1I-3339។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនីតិវិធី៕