ពោធិ៍សាត់៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៧និង៣០នាទីព្រឹក សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន២នាក់ ជនរងគ្រោះឈ្មោះ ឆេង សុខឃា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ពីបទលួចទូរសព្ទចំនួន២គ្រឿង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទីអធ្រាត នៅចំណុចផ្ទះសំណាក់អារុណា ស្ថិតនៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ អ៊ុំវាសនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទលួចម៉ូតូ១គ្រឿង ម៉ាកវេវអាល់ហ្វាពណ៌ខ្មៅ គ្មានអាវ អត់ពាក់ស្លាកលេខ (ប្រភេទម៉ូតូចាស់) នៅចំណុចផ្ទះសំណាក់សុខា ស្ថិតនៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០និង៤៥នាទី ព្រឹកដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឡាយសុភ័ត្រា ឈ្មោះ អ៊ុន ពេជ្រ និងឈ្មោះ រ៉ុង ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោមបក្ខពួកទី១–ឈ្មោះ ឡាយ សុភ័ត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ជាអន្តោប្រវេសន្ត)និងទី២–ឈ្មោះ អ៊ុន ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃអាម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅមិនពិតប្រាកដបានគេចខ្លួនបាត់។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡាយ ភ័ត្រា មិនសហការប្រាប់សមត្ថកិច្ចពីទីតាំងតូបលក់ទូរសព្ទដៃនៅក្រុងពោធិ៍សាត់ដែលខ្លួនបានលួចទូរសព្ទយកទៅនោះទេ ចំណែកឯម៉ូតូម៉ាកវេវអាល់ហ្វា ដែលក្រុមជនសង្ស័យខាងលើបានលួច យកទៅលក់ឲ្យឈ្មោះ សែម ប៊ុនស៊ី នោះ បច្ចុប្បន្នឈ្មោះ សែម ប៊ុនស៊ី បានបាត់មុខពីមូលដ្ឋានជាមួយនឹងម៉ូតូដែលបានទិញយកទៅ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕