បាត់ដំបង៖ កាលពីថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី នៅចំណុច ក្រុមទី២៣ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពគាស់ទម្លុះទម្លាយលួចសម្ភារៈរបស់ជនរងគ្រោះ ឈ្មោះ ហៀង ម៉េងលី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់រួមមាន៖
-ឡេបថប់ ចំនួន០១គ្រឿង
-កាំមេរ៉ាកានុង ចំនួន០១គ្រឿង
-ម៉ូនីទ័រក្បាលកុំព្យូទ័រ ចំនួន០១គ្រឿង
-ប៉ុសផ្សាចំនួន០១
-អឹមភ្លីចំនួន០១
-ម៉ាស៊ីនស្វានចំនួន០២គ្រឿង
-ម៉ាស៊ីនកាត់ដែកចំនួន០១ និងសម្ភារៈផ្សេងៗទៀត ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធី សុថេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកទុលឡាវីសមួលវីសជញ្ជាំងផ្ទះរបស់ជនរងគ្រោះចូលទៅលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ។
សម្ភារៈដកហូតរួមមាន៖
-ឡេបថប់ ចំនួន០១គ្រឿង
-ម៉ូនីទ័រក្បាលកុំព្យូទ័រ ចំនួន០១គ្រឿង
-ប៉ុសផ្សាចំនួន០១
-អឹមភ្លីចំនួន០១
-ម៉ាស៊ីនស្វានចំនួន០២គ្រឿង
-កូនសោមួយចំនួន
-អាយផេតម៉ាកសាំសុងខូចចំនួន០១
-ឆ្នាំងសាកចំនួន០៣ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕