សមត្ថកិច្ចស្រាវជ្រាវ​បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​តាម​ធនាគារ ឃាត់បានមនុស្សម្នាក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​តាម​ធនាគារ ក្រោម​ការ​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។
ការ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​រូប ឈ្មោះ អ​.​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​តាក់ស៊ី បាន​ធ្វើ​សកម្មភាព ដែល​ទទួលបញ្ជា​ពី​ជនល្មើស​ជា​មេ​ក្លោ​ង អោយ​បើក​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​របស់​ខ្លួន​ដើម្បី​ទទួល​ប្រាក់ និង​ដក​ប្រាក់ ព្រមទាំង​ទទួលផល​ពី​បទល្មើស​នេះ​ទៀត​ផង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​បន្ត​។ នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន ក្នុង​ការ​អូស​ទាញ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ ឱ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​ប្រាក់​ពី​បទល្មើស ដោយ​ទទួល​បាន​កម្រៃ​ពី​អំពើ​ទាំងនោះ គឺជា​ចំណែក​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា