ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

បន្ទាយមានជ័យ ៖ ទទួលបានការឣនុញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត។ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឣនុវត្តតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ៖ នៅវេលាម៉ោង០១យប់រំលងអាធ្រាត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខថា មានបុរសម្នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្សារាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានចាត់តាំងលោកឣនុសេនីយ៍ឯក ម៉ូវ ញឹង ដឹកនាំកម្លាំងចុះទៅដល់កន្លែងគោលដៅ ហើយធ្វើការឃាត់ខ្លួនបុរសដែលកំពុងប្រើប្រាស់គ្រឿងញៀន ម្នាក់ឈ្មោះ ថាវ៉ាត់ឆៃ ប៊ុនឈួយ (Thawtchai Boonchuai) ហៅនីវ ភេទប្រុស ឣាយុ២៣ឆ្នាំ ជាជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងធ្វើការឆែកលើដងខ្លួនរកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០៤កូនថង់តូច, គ្រឿងញៀប្រភេទម៉្សៅម៉ត់ពណ៌សចំនួន០១ថង់តូច, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន០១ថង់ ស្មើនឹង១០គ្រាប់, ថ្នាំគ្រាប់ពណ៌ស្វាយចំនួន០១ថង់ ស្មើនឹង១០គ្រាប់ ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនធ្លាប់ទិញគ្រឿងមកទុកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងតាំងពីកំឡុងខែកុម្ភះ ឆ្នាំ២០២៤មកម្លេះ។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕