ភ្នំពេញ៖ តបតាមការស្នើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែធ្វើការបង្ហោះផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅឈ្មោះ ភី រាជ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាងលក់គ្រឿង អំភ្លីឆក់ត្រី និងគណនីTik Tok មានឈ្មោះ electric ដែលពាក់ព័ន្ធនិងករណីបង្ហោះផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រីលើបណ្តាញសង្គម។
ការបង្ហោះផ្សព្វផ្សាយនេះឈ្មោះ ភី រាជ្យ ធ្វើឡើងដើម្បីជួយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ អោយបងប្រុសរបស់ខ្លួនឈ្មោះ នាង សារ៉ាក់ ដែលជាជនពិការ មានអាសយដ្ឋាននៅ ស្រុកអង្គរជ័យ ខេត្ដកំពត។
បន្ថែមពីនោះ ស្នងការដ្ឋាននគរបាលខេត្ដកំពត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពត បានចុះដកហូតសម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់មួយចំនួន និងបានធ្វើការអប់រំណែនាំឈ្មោះ នាង សារ៉ាក់។ ក្រោយទទួលបានការអប់រំណែនាំ ឈ្មោះ នាង សារ៉ាក់ ព្រមទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពកែឆ្នៃ លក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត។
ចំពោះឈ្មោះ ភី រាជ្យ ក៏បានទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្ត និងបានធ្វើកិច្ចសន្យា ថាហ្នឹងបញ្ឈប់ផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត និងបានលុបរាល់វីដេអូដែលខ្លួនបានផ្សព្វផ្សាយពុំអោយមាននៅលើបណ្ដាញសង្គមទៀតឡើយ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផល រឺសេវាកម្មអ្វីមួយ ផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department