ព្រះសីហនុ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុកដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ1E-3901 ០១គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់៖
*ទី១៖ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ គង់ ទីន ភេទប្រុស អាយុ១៨ឆ្នាំ
*ទី៣៖ឈ្មោះ មុំ សីហៈ ភេប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ឃាត់ខ្លួនបានត្រង់ចំណុចក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ