តកែប៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោ២និង០នាទីរសៀល កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៧៨(ឈ) ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក អ៊ុំ ឆវត្តិក៏ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត និងបានចាប់ឃាត់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធនិងបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិភ្នំសាឡីនិងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទឈ្មោះ បូរ រ៉ាម៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បច្ចុប្បន្ន ជនត្រូវចោទខាងលើត្រូវបានប្រគល់ឱ្យទៅ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត តាមការណែនាំពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកែប