ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានទំហំ ២៧៥លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

0

ភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែមិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ទំហំ ២៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​ភាព​ធន់​សម្រាប់​រយៈពេល​វែង​។

លោកស្រី Maryam Salim អ្នកគ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ខាងលើ​ថា “​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​វិបត្តិ​ជា​បន្តបន្ទាប់ ពេល​នេះ​កម្ពុជា​កំពុង​ផ្តោត​សំខាន់​លើ​ការ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​”​។

លោកស្រី​បាន​បន្ថែម​ថា “​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ឯកជន ពង្រឹង​ជំហរ​សារពើពន្ធ​របស់​រដ្ឋាភិបាល ព្រមទាំង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ងាយ​រង​គ្រោះ​បំផុត​”​។

សេចក្តី​ប្រកាស​ខាងលើ​បាន​បញ្ជាក់​ថា វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ជួប​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ២៥ ឆ្នាំ ហើយ​ពេល​នេះ​បាន​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ ទោះបីជា​កំណើន​មិន​ទាន់​បាន​ត្រឡប់​ទៅ​រក​និន្នាការ​កាលពី​ពេល​មុន​វិបត្តិ​ជំងឺ​រាតត្បាត​ក៏​ដោយ​។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បន្ត​ថា ស្ថានភាព​នេះ​បាន​ឆ្លុះ​បញ្ចាំង​ទាំង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​បញ្ហា​ប្រឈម​នៃ​រចនាសម្ព័ន្ធ​សម្រាប់​បែបផែន​នៃ​កំណើន​របស់​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​នេះ​បាន​បន្ថែម​ថា បញ្ហា​ប្រឈម​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​រួម​មាន​កំណើន​ផលិតភាព​ខ្សោយ ការ​បង្កើត​មូលធន​មនុស្ស​ទាប និង​ឧបសគ្គ​ចំពោះ​ការ​បង្កើត​អាជីវកម្ម​ឯកជន និង​ការ​ប្រកួតប្រជែង​។

សេចក្តី​ប្រកាស​នេះ​បាន​គូសបញ្ជាក់​ថា ប្រតិបត្តិការ​ថ្មី​នេះ​គាំទ្រ​ការ​កែទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​បន្ថែម​ថា​វា​នឹង​ជួយ​បង្កើត​បរិយាកាស​ដែល​ក្រុមហ៊ុន​អាច​ចូល ចេញ និង​ប្រកួតប្រជែង​លើ​ទីផ្សារ​ដោយ​ស្មើភាព​។

ក្រៅពី​នេះ ប្រតិបត្តិការ​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ជំនួយ​ទាន់​ពេលវេលា​ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​វិបត្តិ​សេដ្ឋកិច្ច កែ​លម្អ​បទ​ប្បញ្ញត្តិ​បរិស្ថាន និង​ជំរុញ​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​ផង​ដែរ​៕

ប្រភព៖​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ