កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន១៤៥គីឡូក្រាម ឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វារ

0

ភ្នំពេញ​៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​បាន ចំនួន​១៤៥​គីឡូក្រាម និង​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ដែល​ជា​ជនបរទេស ចំនួន​៥​នាក់​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ខណ្ឌ​ជ្រោយចង្វារ​។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​អះអាង​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឧក្រិដ្ឋជន​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ ម្នាក់​ជា​ជនជាតិ​ជប៉ុន និង​៤​នាក់​ទៀត ជា​ជនជាតិ​ចិនតៃវ៉ាន់​។

លោក​បាន​គូសបញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទៅ​លើ​មុខសញ្ញា​ជនជាតិ​ចិនតៃវ៉ាន់ មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។

លុះ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០៖៣០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បើក​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ហ្វា​ន យាន​គួ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ចំណុច​ក្នុង​បុរី​មួយ​កន្លែង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ចំនួន ៣​ដុំ ស្មើនឹង​៣​គីឡូក្រាម​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤ ៖១០​នាទី កម្លាំង​បន្ត​ស្រាវជ្រាវ បង្ក្រាប​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន ៤​នាក់​បន្ថែម​ទៀត ជនជាតិ​តៃវ៉ាន់​៣​នាក់ និង​ជនជាតិ​ជប៉ុន​១​នាក់ នៅ​ចំណុច​បុរី​អ័​រ​គី​ដេ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រួម​មាន​៖

ទី​១៖​ឈ្មោះ ស៊ូ ឈិ​ន​ហៅ អាយុ​២៣​ឆ្នាំ
ទី​២៖​ឈ្មោះ ហ័​ង ហឺ​ជៀន អាយុ​៣៥​ឆ្នាំ
ទី​៣៖​ឈ្មោះ ហ្វា​ង ចឹ​ង​ជី​ន អាយុ​២០​ឆ្នាំ
ទី​៤៖​ឈ្មោះ ណូ​មូរ៉ា សូ​គី​ជី អាយុ​៧៦​ឆ្នាំ​។

កម្លាំង​ជំនាញ​បាន​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ និង​ទីតាំង​ស្តុក​គ្រឿងញៀន របស់​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ខាងលើ​ចំនួន ៣​ទីតាំង​ផ្សេង​គ្នា ជា​លទ្ធផល​រក​ឃើញ​៖ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​១៤២​ដុំ ស្មើនឹង​១៤២​គីឡូក្រាម​, ម្សៅ​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន​២​គីឡូក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​៣, ឧបករណ៍​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​សំបក​កញ្ចប់​ថង់​រូប​តែ​សម្រាប់​ច្រកថ្នាំ​ញៀន (​ខ្នាត​១​គីឡូក្រាម​) ចំនួន ២០០​កញ្ចប់​។

សរុប​លទ្ធផល​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ និង​ជនជាតិ​ជប៉ុន​១​នាក់ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​សរុប​ទម្ងន់ ១៤៥​គីឡូក្រាម​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​កសាង​សំណុំរឿង​បញ្ជូន​ឧក្រិដ្ឋ​ទាំង​៥​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន នៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ