សមត្ថកិច្ចបំបែកសំណុំរឿង ចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ ឃាត់បានជនសង្ស័យម្នាក់

0

ព្រះសីហនុ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧៖៤០​នាទី មាន​ករណី​ឃាតកម្ម​គិត​ទុក​មុន មួយ​កើតឡើង​នៅ​សណ្ឋាគារ​អន្តរជាតិ មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាក់​សាំង​ដុត​ជន​រង​គ្រោះ​ឈ្មោះ ZHANG GUANGLI ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជន សង្ស័យ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​កម្លាំង​នាយកដ្ឋាន​ចុះ​ដឹកនាំ​សហការ​ស្រាវជ្រាវ​។

កម្លាំង​នាយកដ្ឋាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គឹ​ម​លី អនុប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​សហការ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​, ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ សមត្ថកិច្ច​យើង​បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ គៀន គ​ន្ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ចាក់​សាំង​ដុត​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន ព្រោះ​ខឹង​ជន​រង​គ្រោះ​មើលងាយ​ខ្លួន ហើយ​បាន​បោក​ទូរស័ព្ទ​របស់​ខ្លួន​ចោល និង​មិន​ព្រម​បើ​ប្រាក់ខែ​ឲ្យ​ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្ម ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ