ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយឃាត់ខ្លួនមនុស្ស ១០នាក់ និងរកឃើញ៦នាក់ពាក់ព័ន្ធបញ្ជូនទៅតុលាការ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រោយធ្វើការសួរនាំជនសង្ស័យ៦នាក់ បានឆ្លើយសារភាពថាខ្លូនបានចូលរួមធ្វើសកម្មភាព ក្នុងនោះរួមមាន ៖
*ទី១៖ឈ្មោះ ខុំ វិសាល អាយុ២០ឆ្នាំ *ទី២៖ឈ្មោះ វ៉ន សុខងី អាយុ១៩ឆ្នាំ *ទី៣៖ឈ្មោះ ណន រដ្ឋា អាយុ១៩ឆ្នាំ *ទី៤៖ ឈ្មោះ មឿន មាន អាយុ១៨ឆ្នាំ *ទី៥៖ឈ្មោះ សុឹម សុភ័ស្ត អាយុ១៨ឆ្នាំ *ទី៦៖ឈ្មោះ ភារម្យ ទន់តាន អាយុ១៩ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង៦នាក់ កំពុងតែអង្គុយហូបមីឆា នៅមុខព្រលានយន្តហោះ (ភាគីក) ពេលនោះមានក្មេងស្ទាវមួយក្រុម មានគ្នាប្រហែល ១៥នាក់ ម៉ូតូ ៧គ្រឿង កំពុងអង្គុយហូបអីនៅតូបក្បែរគ្នា (ភាគីខ) បន្ទាប់មកក៏មានក្មេងស្ទាវ១ក្រុមទៀត មានគ្នាប្រហែល ២០នាក់ ម៉ូតូ ១០គ្រឿង (ភាគីគ) បានជិះម៉ូតូមកដល់រួចរោទ៍ម៉ូតូលឺសំឡេងខ្លាំងៗ ធ្វើឲ្យភាគីខ ខឹងក៏បានស្តីឲ្យធ្វើឲ្យទាស់សំដីគ្នា រួចហើយក្រុមភាគីគ បានជិះម៉ូតូទៅចេញមុខបាត់ រួចបត់ត្រលប់មកក្រោយវិញ ក៏នាំគ្នាចុះពីលើម៉ូតូមានកាន់កាំបិត, ដាវធ្វើសកម្មភាពកាប់ប្រហារ មកលើភាគីក ដោយសារច្រលំតូបកាប់ខុសភាគីជម្លោះ ឃើញដូចនេះ ភាគី(ខ) បាននាំគ្នាចូលទៅជួយភាគី(ក) ដោយព្រួតគ្នាវាយទៅលើភាគី (គ) ដោយប្រើដុំថ្ម, ដែកដងឆ័ត្រ ធ្វើឲ្យភាគី(គ) រងរបួស និងផ្តួលម៉ូតូចោល១គ្រឿងចោល រត់គេចខ្លួនបាត់អស់។ បន្ទាប់មក ភាគី (ក) និង (ខ) បានធ្វើសកម្មភាពវាយកម្ទេចម៉ូតូ របស់ភាគី (គ) រួចនាំគ្នារត់គេចខ្លួនបាត់អស់តាមក្រោយផងដែរ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ទៅតុលាការ និងបន្តតាមចាប់បក្សពួកសេសសល់ ចាត់ការបន្តតាមនីតិវិធី៕