គ្រូ​បង្គោល​ជម្រើសជាតិ U16 កម្ពុជា និយាយអ្វីខ្លះនៅមុនការប្រកួតជើងឯក​អាស៊ាន

0

បន្ទាប់​ពី​ហ្វឹកហាត់​ក្នុងស្រុក ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​១៦​ឆ្នាំ (U16) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ាន (ASEAN U16 Boys’ Championship 2024) ដែល​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១ ខែមិថុនា ដល់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤​។

គ្រូ​បង្គោល​ជម្រើសជាតិ U16 កម្ពុជា លោក Koji Gyotoku បាន​បញ្ជាក់​មុន​ពេល​ចេញដំណើរ​ថា ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ក្រុម​យើង​ធ្វើ​មិន​បាន​ពេញលេញ​នោះ​ទេ តែ​លោក​រំពឹង​ថា​កូនក្រុម​ទាំងអស់​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។ ចំពោះ​ការ​លេង​ក៏​មិនសូវ​បាន​យល់ចិត្ត​គ្នា​ប៉ុន្មាន​ដែរ ដោយសារ​តែ​ការ​ប្រមូលផ្តុំ​មាន​រយៈពេល​ខ្លី​ពេក ហើយ​កីឡាករ​មួយ​ចំនួន​មានការ​ប្រកួត​លី​គ​យុវជន​របស់​ពួក​គាត់ ហើយ​កម្មវិធី​ប្រមូលផ្តុំ​ហ្វឹកហាត់​ក៏​មិន​បាន​ពេញលេញ​ដែរ​។

គ្រូ​បង្គោល​ជនជាតិ​ជប៉ុន​រូប​នេះ​បន្ថែម​ថា តាម​រយៈ​ការ​ចូលរួម​ប្រកួត​ក្នុង​ជើងឯក​អាស៊ាន​នេះ​នឹង​ផ្តល់​ឱ្យ​យើង​បាន​ស្គាល់​ថា​តើ ក្រុម​យុវជន​កម្ពុជា​ស្ថិត​នៅ​កម្រិត​ណា ហើយ​ក្រុម​ប្រទេស​ផ្សេង​ៗ​ទៀត ក្នុង​អាស៊ាន ស្ថិត​នៅ​កម្រិត​ណា ដែល​យើង​ត្រូវ​តែ​បន្ត​ការ​អភិវឌ្ឍ​បន្ថែម​។

ការ​ប្រកួត​កីឡាបាល់ទាត់​ជើងឯក​អាស៊ាន U16 នៅ​ឥណ្ឌូ​ណេ​ស៊ី​នេះ មាន​១២​ក្រុម​ចូលរួម​ប្រជែង​ជើងឯក ដោយ​ចែក​ជា​៣​ពូ​ល ក្នុង​នោះ​U16​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល B ជាមួយ​ក្រុម​វៀតណាម មី​យ៉ា​ន់​ម៉ា និង​ប្រ៊ុ​យ​ណេ​។ ចំពោះ​ពូ​ល A រួម​មាន​៖ ក្រុម​ម្ចាស់ផ្ទះ ឥណ្ឌូ​ណេ​ស៊ី ឡាវ ហ្វី​លី​ពី​ន និង​សិង្ហ​បុរី ខណៈ​ពូ​ល C រួម​មាន​៖ ក្រុម​ថៃ ម៉ា​ឡេ​ស៊ី ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​។

ចំពោះ​៣​ប្រកួត​ប្រចាំ​ពូ​ល B របស់​ក្រុម​U16​កម្ពុជា​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​U16​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤, កម្ពុជា​បន្ត​ប៉ះ​ក្រុម​វៀតណាម នា​ថ្ងៃ​ទី​២៥​មិថុនា និង​ចុង​ក្រោយ​ប៉ះ​ជាមួយ​ក្រុម​ប្រ៊ុ​យ​ណេ នា​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​។

គួរ​បញ្ជាក់​ថា ក្រុម​យុវជន​ក្រោម​១៦​ឆ្នាំ​កម្ពុជា​បាន​ចេញដំណើរ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ជូន​ដំណើរ លើកទឹកចិត្ត​ពី​ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន និង​លោកស្រី ពុធ ធីតា អនុប្រធាន FFC៕