ភ្នំពេញ៖ ក្រោយពីទទួលបានការស្នើសុំពីនគរបាលអន្តរជាតិ ប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (Internet Love Scam)។
ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ស.ក.ឡ ភេទស្រី ជនជាតិខ្មែរ ជាអ្នកទទួលប្រាក់នៃបទល្មើសឱ្យឧក្រិដ្ឋជន។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបរទេស ដែលមានប្រព័ន្ធ Western Union, Ria …ជាដើម ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា