ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក សុខ និមល ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ និង​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ចែកចាយ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០២​ករណី​ផ្សេង​គ្នា ក្នុង​បទល្មើស​ជាក់ស្តែង ។

កិច្ច​ប្រតិបត្តិការ​ទី​០១ វេលា​ម៉ោង​១៣ និង​១០​នាទី នៅ​ចំណុច​ភូមិ​ទួល​ម្ទេស ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ភ​ន រ៉ា​វុ​ធ អធិការ​នគរបាល​ស្តីទី​ស្រុក​គាស់​ក្រឡ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ១.​ឈ្មោះ កែម ចំណាប់ ហៅ ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ម្ទេស ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង និង​២.​ឈ្មោះ ហុ​ិ​ន ជេ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ស្នោ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖

-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ១២​ថង់ ។
-​ទូរស័ព្ទ​ដៃ ០២​គ្រឿង ។
-​កូន​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន​លក់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។

កិច្ច​ប្រតិបត្តិការ​ទី​០២ វេលា​ម៉ោង​១៦ និង​១០​នាទី នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្តីទី​ស្រុក​កំ​រៀង បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ១.​ឈ្មោះ ឆាយ សុខ​ឃី​ម ហៅ ចែ​ដា ភេទ​ស្រី អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង និង​២.​ឈ្មោះ ផង់ ច្រឹប ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖

-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ៦០​ថង់ ។
-​ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត​ព​ណ៍​ក្រហម​មាន​ត្រា​អក្សរ​បរទេស (WY) លើក​គ្រាប់​ថ្នាំ ចំនួន​១៧០​គ្រាប់ សង្ស័យ​មាន​សារធាតុ​ញៀន ។
-​អំ​ពូ​ល​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១៦
-​ដែកកេះ​ចំនួន​០១
-​ស្លាបព្រា​សម្រាប់​រំលែក​ថ្នាំ​ញៀន​ចំនួន​០១
-​កូន​ថង់​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​មួយ​ចំនួន ។

បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ និង​ស្រុក​កំ​រៀង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ