គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផលជិតរួចរាល់ជាស្ថាពរហើយ!

0

ភ្នំពេញ​៖ គិត​ត្រឹម​បំណាច់​ខែឧសភា ឆ្នាំ​២០២៤​នេះ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C ដែល​មាន​ប្រវែង​សរុប ១១៤,៦២​គីឡូម៉ែត្រ (​ចាប់ពី​ផ្លូវជាតិ​លេខ​៧ ចំណុច​គីឡូម៉ែត្រ​លេខ ១៥៤+៧00 ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ដល់​ផ្លូវជាតិ​លេខ​៧១C ចំណុច​គីឡូម៉ែត្រ​លេខ ៣០+៤00 ក្នុង​ខេត្តកំពង់ចាម​) សម្រេច​បាន​លទ្ធផល​ជា​រួម​ចំនួន ៩៧,៦២%​ហើយ​។

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តែង​បាន​គិតគូរ​ខ្ពស់ និង​បាន​ចង្អុលបង្ហាញ​ឱ្យ​ឯកឧត្តម បុ​ង ប៊ុ​ន​ហួ​ន រដ្ឋលេខាធិការ និង​ជានា​យក​គម្រោង ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​បំពេញ​ចន្លោះ​ខ្វះខាត​ដែល​នៅ​សេសសល់ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​លទ្ធផល​ជា​ស្ថាពរ នា​ពេល​ឆាប់​ៗ​ខាង​មុខ និង​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​បន្ទាប់​។

ផ្លូវជាតិ​ដ៏​សំខាន់​នេះ ផ្នែក​ខ្លះ​ជា​ប្រភេទ AC និង​ខ្លះ​ទៀត​ជា​ប្រភេទ DBST ដែល​ត្រូវ​បាន​ចុះ​កិច្ចសន្យា​សាងសង់ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ និង​ចាប់ផ្តើម​សាងសង់ នា​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២១ ដោយ​គ្រោង​នឹង បញ្ចប់​ការ​សាងសង់ ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០២៤​ខាង​មុខ ពោល​គឺ​មាន​រយៈពេល​សាងសង់​៤២​ខែ និង​រយៈពេល​ថែទាំ​(​ក្នុង​កិច្ចសន្យា​) ចំនួន​២៤​ខែ​។

គួរ​រម្លឹក​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៧១C ត្រូវ​បាន​អនុវត្ត​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (SCG) និង​ប្រឹក្សា​បច្ចេកទេស​ដោយ​ក្រុមហ៊ុន ក្វា​ង​ចូ​វ វ៉ាង​អាន ប្រើប្រាស់​ហិរញ្ញប្បទាន​ថវិកា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ទំហំ​ថវិកា​ជាង ១២៩ លាន​ដុល្លារ​អា​មេ​រិ​ក និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ​។ ក្រុមការងារ​កំពុង​ប្រឹងប្រែង​ដើម្បី​បង្ហើយ​កិច្ច​ដែល​នៅ​សេសសល់​ដូច​ជា ការ​គូស​គំនូស​ចរាចរណ៍​លើ​ដងផ្លូវ ការងារ​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ ការងារ​ដាំ​បង្គោលគីឡូម៉ែត្រ និង​ការងារ​មួយ​ចំនួន​ទៀត​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន