បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានរាយការមកថាគាត់បានឃេីញអ្នករស់នៅក្បែរគាត់មានខ្សែភ្លេីងមិនដឹងយកមកពីណា ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ០២នាក់៖
១.ឈ្មោះ មាស សារីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅផ្ទះជួលភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២.ឈ្មោះ សុខ ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ និង០០នាទី ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកខ្សែភ្លេីងដែលគេទុកចោលនៅត្រង់ចំណុចតាំងណាំសែ ស្ថិតក្រុមទី២៧ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដេីម្បីសកសំបកចេញយកបណ្ដូលខ្សែភ្លេីងទៅលក់ ។ សម្ភារៈដកហូតរួមមាន៖ ខ្សែភ្លេីងស្រោបស្រោម ពណ៌ខ្មៅមួយចំនួន ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ