បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី នៅចំណុច សួនសម្ដេចក្រឡាហោមស្ថិតក្រុមទី០២ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច ( ម៉ូតូ ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ឡេង លីត្យា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ម៉ូតូ០១គ្រឿងម៉ាកហុងដាវីនឺអ៊ិច ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AC-177 ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណា ប៊ុននី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី ខ្លួនបានទៅអង្គុយលេងនៅលេីសួនពេលអង្គុយលេងបានប្រហែលកន្លះម៉ោងស្រាប់តែឃេីញម៉ូតូគេទុកចោលពេលនោះខ្លួនក៍ឡេីងជិះម៉ូតូថានឹងយកចេញស្រាប់តែម្ចាស់គេ និងប្រជាពលរដ្ឋនៅទីនោះមកចាប់ខ្លួនជាប់តែម្ដង ។ វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ