ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នាវេលាម៉ោងជាង ៣រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារ អូប័រល្បឿនលឿន ក្រុមហ៊ុនGTVC របស់អ្នកឧកញ៉ា ចំនួន ២គ្រឿង បានចេញទៅទទួលយកជនរងគ្រោះចំនួន ២នាក់ ដែលបានបើកទូកកន្ទុយវែងមួយគ្រឿង ធ្វើដំណើរពីកោះរ៉ុង មកក្រុងព្រះសីហនុ ហើយបាត់ការទំនាក់ទំនងតាំងពីម្សិលមិញ ដោយជនរងគ្រោះទាំង ២នាក់ រួមនឹងទូកកន្ទុយវែងខាងលើ បានវង្វេងទៅដល់ម្តុំកោះព្រីង ហួសនឹងកោះតាង។
សុំបញ្ជាក់ថា តាមការផ្តល់ព័ត៌មានពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ បានឲ្យដឹងថា កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤(ម្សិលមិញ) ទូកកន្ទុយវែង ០១គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បានចេញដំណើរពីភូមិកោះតូច ក្រុងកោះរ៉ុង ឆ្ពោះមកក្រុងព្រះសីហនុ(ផែទំនប់រលក) លុះដល់វេលាម៉ោង ១៥:៣០នាទីរសៀល ម្ចាស់ទូកមិនទាន់ឃើញមកដល់ក្រុងព្រះសីហនុ ទើបព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ហើយ អ្នកបើកបរទូកបានឆ្លើយថាទូកជួបភ្លៀងខ្យល់និងរលកខ្លាំងកំពុងវង្វេងមិនដឹងដល់គោលដៅណាឡើយ ទើបម្ចាស់ទូកឲ្យទម្លាក់ទីតាំងវង្វេង ឃើញថា ទូកនេះនៅជិតកោះតាង ហើយក្រោយមកក៏ទាក់ទងគ្នាលែងបាន បាត់ដំណឹង។ នៅលើទូកមានមនុស្សចំនួន ០២នាក់ ៖
១.ឈ្មោះ ឆើត ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកបរ លេខទូរស័ព្ទ 0876407434
២.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកសុំមកជាមួយ។
បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងារ អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY