លោក អ៊ី សុខ​ឡេ​ង អភិបាលរង ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​តន្ត្រី​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ

0

ព្រះ​សីហ​នុ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ក្រុមការងារ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក អ៊ី សុខ​ឡេ​ង អភិបាលរង ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​តន្ត្រី​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ របស់​ក្រុមហ៊ុន​យូ​ណា​ន ជី​ង​ចេ​ង ខូ​អិ​ល​ធី​ឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ត្រេះ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

បន្ទាប់​ពី​បាន​ពិនិត្យ និង​ពិភាក្សា​គ្នា​រួច​មក លោក អ៊ី សុខ​ឡេ​ង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ការងារ បាន​ធ្វើការ​បូក​សរុប និង​សម្រេច​ដូច​ខាងក្រោម​៖

– ក្រុមហ៊ុន​ត្រូវ​ផ្អាក​ការដ្ឋាន​សាងសង់​ជា​បណ្តោះ​សិន
– ក្រុមហ៊ុន​ត្រូវ​កាយ​ដី ដែល​បាន​ចាក់​លើ​ឆ្នេរសមុទ្រ​ចេញ​វិញ និង​ជួសជុល​ផ្លូវ​ក្រា​នី​ត​ឱ្យ​បាន​ស្អាត​ដូច​ដើម​វិញ
– ក្រុមហ៊ុន​ត្រូវ​មាន​សហការ​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក្នុង​ការ​កំណត់​និយាម​កា​ទីតាំង​សាងសង់​អាង​តន្ត្រី​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ស្នើ​សុំ​គោលការណ៍​ប្រើប្រាស់​ដី​សាធារណៈ​ពី​រាជរដ្ឋាភិបាល
– ក្រុមហ៊ុន​ត្រូវ​សិក្សា​គម្រោង​ប្លង់​អាង​តន្ត្រី​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ​ឱ្យ​បាន​ច្បាស់លាស់ ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​អត្តសញ្ញាណ​ល្អ​ឯក​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ
– ក្រុមហ៊ុន​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឱ្យ​បាន​ហ្មត់ចត់
– ក្រុមហ៊ុន​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
– ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​គម្រោង​ឱ្យ​ស្រប​តាម​និ​តិ​វិធី និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ចែង​ជា​ធរមាន​៕