កោះកុង៖ ករណីកប៉ាល់ដឹកទំនិញថៃលិចនៅជិតកោះរ៉ុង បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរកម្ពុជាកំពុងបន្តសម្មភាពគ្រប់គ្រងកន្លែងដែលកប៉ាល់លិចនិងសហការគ្នារិះរកវិធីជួយស្រង់យកទំនិញក្នុងទូកុងតឺនរ័ចំនួន៥៣ទូកុងតឺនរ័ដែលលិចនៅក្នុងបាតសមុទ្រ។
មន្ត្រីកងទព័ជើងទឹកទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនិងមន្ត្រីប៉ូលីសព្រំដែនទឹកបានអឲ្យសារព័ត៌មានក្នុងស្រុកមួយដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ថា កប៉ាល់ដែលលិចនេះឈ្មោះ MV CHIANG LAAN សញ្ជាតិ ថៃ មានប្រវែង ៤៩.៥០ ម៉ែត្រ និង ជម្រៅទឹក ៣ជាងម៉ែត្រ មាននាវិកសរុបចំនួន ១០ នាក់ ជាជនជាតិថៃ មានដំណើរដឹកទំនិញពីប្រទេសថៃមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលិចនៅជិតកោះរ៉ុង ចន្លោះកោះវ៉ាងនិងកោះម្នាស់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយសារខ្យល់និងរលកខ្លាំង។ របាយការណ៍ពីសមត្ថកិច្ចដដែលបញ្ជាក់ថា កប៉ាល់នេះមានដឹកទំនិញផ្ទុកក្នុងកុងតឺន័រសរុបចំនួន ៥៣ កុងតឺន័រ ក្នុងនោះប្រភេទ៤០ ហ្វីតចំនួន១៥ទូ និង ២០ហ្វីតចំនួន៣៨ទូ ហើយមុខទំនិញនៅក្នុងទូកុងតឺនរ័ទាំង៥៣ កុងតឺន័រដែលលិចធ្លាក់ដល់បាតសមុទ្រនេះរួមមានប្រភេទ៖
១-វត្ថុធាតុដើម ផ្ទុកក្នុងកុងតឺន័រ ៤០ហ្វីតចំនួន០៩ ទូ។
២-បន្ទះអ៊ីសូឡង់ ផ្ទុកក្នុងកុងតឺន័រ ៤០ហ្វីតចំនួន០១ទូ។
៣-សំបកដបស្រាបៀរអង្គរ ផ្ទុកក្នុងកុងតឺន័រ ៤០ ហ្វីតចំនួន០៥ ទូ។
៤-ដែកអាលុយមីញ៉ូម ផ្ទុកក្នុងកុងតឺន័រ ២០ហ្វីតចំនួន៣២ ទូ។
៥-ប្រេងអារ៉ូម៉ា ផ្ទុកក្នុងកុងតឺន័រស៊ីទែន ២០ ហ្វីតចំនួន០២ ទូ។
៦-ជ័រធ្វើដបប្លាស្ទិក ផ្ទុកក្នុងកុងតឺន័រ ២០ ហ្វីតចំនួន០២ ទូ។
៧-សាច់ក្រណាត់អំបោះ ផ្ទុកក្នុងកុងតឺន័រ ២០ ហ្វីតចំនួន០១ ទូ។
៨-ទឹកសម្រាប់ប្រព្រឹត្តកម្មសម្អាតទឹក ផ្ទុកក្នុងកុងតឺន័រ ២០ ហ្វីតចំនួន០១ទូ។
សុំបញ្ជាក់ថា កប៉ាល់ដឹកទំនិញពីប្រទេសថៃមួយគ្រឿងនេះលិចនៅជិតកោះរ៉ុង កាលពីថ្ងៃត្រង់ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៤ ដោយសារកប៉ាល់ជួបខ្យល់និងរលកសមុទ្រខ្លាំង ក្រោយកើតហេតុមនុស្សនៅលើកប៉ាល់នេះចំនួន១០នាក់ជាជនជាតិថៃត្រូវបានទូកនេសាទដែលនៅជិតជួយសង្គ្រោះស្រង់ពីសមុទ្រនិងក្រោយមក ជនរងគ្រោះបានដឹកតាមអូបរ័ល្បឿនលឿនរបស់អ្នកឧកញ៉ាទៀ វិចិត្រនាំមកកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះជនជាតិថៃទាំង១០រូបមានសុវត្ថិភាពទាំងអស់គ្នា ពេលដឹកមកដល់កំពង់ផែក្រុងព្រះសីហនុ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សមត្ថកិច្ចចំរុះពាក់ពន្ធ័និងអង្គភាពកំពង់ផែ នាំទៅពិនិត្យសុខភាព រៀបចំផ្តល់អាហារនិងការស្នាក់នៅបណ្តោះអាសន្ន ដោយមនុស្សធម៍ ៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY