អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ថ្ងៃទី៩មិថុនា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១១ ករណី មានជនសង្ស័យចំនួន ៥៨ នាក់

0

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩​ខែមិថុនា ឆ្នាំ ២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ១១ ករណី ដែល​មាន​ជនសង្ស័យ​ចំនួន ៥៨ នាក់​។

ឯកឧត្តម​ជិន ម៉ា​លី​ន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ១១ ករណី ដែល​មាន​ជនសង្ស័យ​ចំនួន ៥៨ នាក់ ហើយ​តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤៥​នាក់​និង​រត់គេច​ខ្លួន​ចំនួន ១៣ នាក់​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូន​ៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​៕

ប្រភព៖ AKP