ក្នុងខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន២៥ ដែលមានទុនវិនិយោគសរុបជាង ២៤៦លានដុល្លារ

0

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន ២៥​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២៤៦​លាន​ដុល្លារ នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២៤ ដោយ​ប្រទេស​ចិន​បាន​រួមចំណែក​ជិត ៥០​ភាគរយ នៃ​ទុន​វិនិយោគ​សរុប​ក្នុង​ខែ​នេះ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា គម្រោង​ថ្មី​ចំនួន ២៤​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ១​គម្រោង ត្រូវ​បាន​អនុម័ត ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២៤៦​លាន​ដុល្លារ អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១៥​ពាន់​កន្លែង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​២៥ គម្រោង វិនិយោគ​ដែល​មាន ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១៧​គម្រោង និង​គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ៨​គម្រោង​។

គម្រោង​វិនិយោគ​ទាំងនោះ​រួម​មាន គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ ថាមពលព្រះអាទិត្យ​, គម្រោង​បង្កើត​រោងចក្រ​ស្ល និង​កែ​ច្នៃ​លោហធាតុ​, គម្រោង​បង្កើត​រោង ចក្រ​ផលិត​បំពង់​ទីប​ដែក និង​គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​អាលុយមីញ៉ូម ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ខែឧសភា ឆ្នាំ​២០២៤ នេះ ការ​វិនិយោគ មក​ពី​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១ ដោយ​បាន​រួមចំណែក​ជិត ៥០​ភាគរយ នៃ​ទុន​វិនិយោគ​សរុប ខណៈ​ដែល​ការ​វិនិយោគ​ក្នុងស្រុក​គ្របដណ្តប់​ប្រមាណ​ជិត ៣១​ភាគរយ នៃ​ទុន​វិនិយោគ​សរុប​៕

ប្រភព៖ AKP