មន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ នៃសាខា ក.ប.ប. តាមបណ្ដា រាជធានី ខេត្ត បានបន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងយន្តការអប់រំផ្សព្វផ្សាយ

0

ភ្នំពេញ៖ នា​ថ្ងៃ​ទី​៥-៧ ខែមិថុនា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​ផ្នែក​ម្ហូបអាហារ​នៃ​សាខា ក​.​ប​.​ប​. បាន​នាំ​យក​រថយន្ត​ពិសោធន៍​ម្ហូបអាហារ ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​នៅ​តាម​បណ្តា​ទីផ្សារ និង​ផ្ទះ​លក់ទំនិញ នៃ​ភូមិសាស្ត្រ​សំខាន់​ៗ ក្នុង​ខេត្តកំពង់ស្ពឺ ព្រះ​សីហ​នុ ស្វាយ​រៀង រតនគិរី កំពត កោះកុង និង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ចរាចរ​ទំនិញ​ដែល​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ទំនិញ​ពុំ​មាន​អនុលោម​ភាព ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ រំលោភសិទ្ធិ​អ្នក​ប្រាស់ និង​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ជាដើម​។

ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​យើង​បាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​លើ​ទំនិញ​ចម្រុះ​គ្រប់​ប្រភេទ​ប្រមាណ​ជិត ១០០​សំ​ណា​គំរូ ក្នុង​ការ​ធ្វើ​ពិសោធន៍​រកសារ​ធាតុគីមី​ហាមឃាត់​ក្នុង​នោះ រួម​មាន សាច់​បង្កក ប្រហិត​ចម្រុះ បន្លែ តំណាប់ ជ្រក់ គ្រឿង​សមុទ្រ ម្ហូបអាហារ​ក្រៀម ។​ល​។ ដោយ​បាន​រក​ឃើញ​ទំនិញ​ពុំ​មាន​អនុលោម​ភាព​សរុប​ចំនួន ៧៣.១២​គីឡូក្រាម ដោយ​ដកហូត​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​សាខា និង​កម្ទេច​ចោល​ពេល​ក្រោយ​តាម​នីតិវិធី​។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ​ក៏​បាន​បន្ត​អប់រំ ផ្សព្វផ្សាយ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​អាជីវករ​អំពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា ដែល​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. កំពុង​អនុវត្ត ដើម្បី​ចៀសវាង​ការ​ប្រព្រឹត្ត​បំពាន នាំ​ឱ្យ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ និង​បាន​ចែក​ជូន​នូវ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ (Poster) អំពី​សុវត្ថិភាព​ម្ហូបអាហារ​មួយ​ចំនួន និង​ខិត្តប័ណ្ណ​ស្តី​ពី​កិច្ចការ​ហា​ឡា​ល​ជា​ច្រើន​សន្លឹក​ជូន​អាជីវករ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF