សមត្ថកិច្ចស្រុកថ្មគោល ឃាត់ក្មេងទំនើងមួយក្រុម ករណីហិង្សាប្រេីប្រាស់កាំបិតកាប់លើម៉ូតូ

0

បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០ និង៣៥នាទី ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) មួយកើតឡើង បង្កដោយក្រុមក្មេងទំនើង ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) មានគ្នាប្រហែល ១១នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ស បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់មកលើម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ផាន់ណាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AK-4452 ខូចខាត (បែកក្បាលម៉ូតូ, បែកកុងទ័រម៉ូតូ, បែកស្តុបម៉ូតូខាងមុខ, បែកអាវខាងស្តាំ, បែកស្តុបម៉ូតូខាងក្រោយ, បាត់កាត់តាប៊ូខាងក្រោយនិងបាត់ស្លាកលេខម៉ូតូ) ខណៈដែលជនរងគ្រោះជិះម៉ូតូមកហូបមីនៅផ្ទះមិត្តភក្តិ ហើយទុកម៉ូតូនៅមុខផ្ទះ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ ៖
១-ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (អ្នកបើកម៉ូតូ) ។
២-ឈ្មោះ យួម ស៊ីនីត ភេតប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល (អ្នកបើកម៉ូតូ) ។
៣-ឈ្មោះ ណាង រ៉ាវុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល (អ្នកបើកម៉ូតូ) ។
៤-ឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល (អ្នករួមដំណើរ) ។
៥-ឈ្មោះ ឆេង ចាន់រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ (អ្នកជិះម៉ូតូមើលភូមិសាស្រ្ត) យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។ 

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួន និងបក្ខពួកមានគ្នាប្រហែល ១១នាក់ ពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់មកលើម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។ វត្ថុតាងដកហូតបាន ៖ កាំបិតផ្លែដែក ដងឈើចំនួន ០១ដើម ។

 បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕