សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីប្រើហិង្សា

0

ពោធិ៍សាត់៖ កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩នឹង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលថា មានករណីក្មេងទំនើង១ក្រុម មានគ្នាចំនួន២នាក់ ប្រដាប់ដោយអាវុធ(ពូថៅដៃ)ប្រណិត១ដើម បានប្រើហិង្សាចូលទៅកាប់អ្នកលក់ដូរឥវ៉ាន់ចាប់ហួយដល់ក្នុងតូបលក់ដូរបណ្តាលអោយរងរបួស រួចក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពប៉ុនប៉ងលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ពៅ សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាលជាតិ រស់នៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានសហការចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះជាតិ សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាង ពូថៅដៃប្រណិតចំនួន១ដើម បញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរយកចម្លើយ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ជាតិ សុបញ្ញា(ជនសង្ស័យ)បានឆ្លើយសារភាពថាបក្ខពួករបស់ខ្លួនម្នាក់ទៀតដែលបានចូលរួមធ្វើសកម្មភាព ហើយបានគេចខ្លួននោះគឺឈ្មោះ អៀង ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយពាក់ព័ន្ធការចង្អុលបង្ហាញពីជនសង្ស័យខាងលើ សមត្ថកិច្ចបានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងពោធិ៍សាត់ រហូតដល់វេលាម៉ោង២២និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀង ចិត្រា នេះបាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមវត្ថុតាងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីបំពេញបែបបទតាមនីតិវិធី៕