កំពត៖ រយៈពេលពេញមួយថ្ងៃកន្លងមកនេះ ការដោះស្រាយអំពីករណីក្មេងស្រីដែលបានអះអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះខ្លាកំពត ( ឈ្មោះក្នុងបណ្តាញសង្គម Facebook ) បោះបង់ចោលនឹងមិនមានទំនួលខុសត្រូវជាមួយខ្លួន។ ខ្ញុំសូមជម្រាបជូនសាវតានៃរឿងដូចខាងក្រោម៖ឮ
១. នៅពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា បានអញ្ចើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័និងការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ។
២. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និងធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ! កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ 2000 យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន ។
៣. បានធ្វើការសម្របសម្រួលអ្នកទាំងពីរឲ្យត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបោះបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះនៅឯស្រុកកំណើត ។
៤. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំក៏ព្រោះតែមិនមានថវិការដើម្បីត្រៀមសម្រាលកូន និងសង្ឃឹមថានិងមានអង្គការនិងសប្បរសជនផ្សេងៗជួយដើម្បីសម្រាលបន្ទុកគាត់នៅពេលសម្រាលកូននៅពេលខាងមុខ ។
៥. លទ្ធផលចុងក្រោយគឺភាគីខាងបុរសព្រមទាំងម្តាយព្រមទទួលរ៉ាប់រងនិងទទួលស្គាល់នារីនោះជាកូនប្រសារ ក៏ប៉ុន្តែនារីនោះមិនព្រមផ្សះផ្សាជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនុកបម្រុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោទប្រកាន់ពីខាងលើ ។
សមត្ថកិច្ចរបស់យើងបានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងនិងកិច្ចសន្យារវាងអ្នកទាំងពីរ និងបានធ្វើការអប់រំណែនាំនារីនោះឲ្យឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត ។ សូមអរគុណចំពោះតាមដានរបស់បងប្អូនទាំងអស់គ្នា៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត