ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ

0

ភ្នំពេញ៖​ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩:១៨​នាទី ត្រង់​ចំណុច​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ភូ​វ កំ​សល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​(​ទូរស័ព្ទ​) កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ហាង​ជាប់​កាហ្វេ អា​ម៉ូ​ហ្សូ ដីដុះ ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១១:៥០​នាទី នៅ​ចំណុច​ហាង​ជាប់​កាហ្វេ អា​ម៉ូ​ហ្សូ ដីដុះ ភូមិ​តា​ខ្មៅ​ទី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជន​រង​គ្រោះ​ឈ្មោះ សែ​ម ចាន់​ទី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រវល់​លក់ដូរ ហើយ​ទុក​ទូរស័ព្ទ​០១​គ្រឿង ម៉ាក​IPhone 13Pro max ពណ៌​ខ្មៅ នៅ​លើ​តុ​បាយ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស បាន​បន្លំ​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​ដើរ​ចូល​មក​ក្នុង​ហាង រូ​ច​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

បច្ចុប្បន្ន​ទូរស័ព្ទ​ម៉ាក IPhone 13Pro max ពណ៌​ខ្មៅ បាន​ប្រគល់​ជូន​ជន​រង​គ្រោះ ចំណែក​ជនសង្ស័យ​ឈ្មោះ ភូ​វ កំ​សល ប្រគល់​ជូន​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ