អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ក្នុងខណ្ឌចំការមន, មូលហេតុបណ្តាលមកពីការសាកថ្មកង់អាគុយឆ្លង​ចរន្តអគ្គីសនី

0

ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ មួយ​កន្លែង យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​អស់​តូប​ដែក​ប្រក់​ស័ង្កសី​ចំនួន ០១​តូច​អស់ទាំង​ស្រុង ហើយ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​លក់​គ្រឿងក្រអូប​ឥ​វ៉ា​ន់​ចាប់ហួយ​ចំនួន ០១​តូប​, យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​ចំនួន ០២​យាន្ត​ដ្ឋា​ន​, ផ្ទះថ្ម​ក្រោម​ឈើ​ចំនួន ០១​ខ្នង​, តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន ០១​តារាង និង​រថយន្ត​ម៉ាក់ ហាន់​ដាយ ពណ៌​ស ចំនួន ០១​គ្រឿង អស់ទាំង​ស្រុង​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤២៨ ភូមិ​២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បាន​បន្ត​ថា ដោយ​ទទួល​បាន​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។

លោក​វរសេនីយ៍ឯក ក៏​បាន​បន្ត​ទៀត​ថា ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣០​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​១៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​៥៤​ឡាន ស្មើរ​នឹង​២១៦​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពី​ក្រសួងមហាផ្ទៃ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៤​ឡាន ស្មើរ​នឹង​៥៦​ម៉ែត្រគូប​, រថយន្ត​របស់​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​ន​រា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៦​ឡាន ស្មើរ​នឹង​២៤​ម៉ែត្រគូប និង​រថយន្ត​របស់​បុរី ប៉េង ហួត ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​១២​ម៉ែត្រគូប​។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ ដែក​ប្រក់​ស័ង្កសី ទំហំ (៥​ម៉ែត្រ x ១០​ម៉ែត្រ​) ឆេះ​តូប​ដែក​ប្រក់​ស័ង្កសី​ចំនួន ០១​តូច​អស់ទាំង​ស្រុង ហើយ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​លក់​គ្រឿងក្រអូប​ឥ​វ៉ា​ន់​ចាប់ហួយ​ចំនួន ០១​តូប​, យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​ចំនួន ០២​យាន្ត​ដ្ឋា​ន​, ផ្ទះថ្ម​ក្រោម​ឈើ​ចំនួន ០១​ខ្នង​, តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន ០១​តារាង និង​រថយន្ត​ម៉ាក់ ហាន់​ដាយ ពណ៌​ស ចំនួន ០១​គ្រឿង អស់ទាំង​ស្រុង​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ៨​និង​០០​នាទី​យប់​នា​ថ្ងៃ​ដដែល​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ការ​សាក​ថ្ម​កង់​អា​គុយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ករ​ជា​អគ្គិភ័យ​។ ដោយនៅ​ក្នុង​នោះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ