៦ខែដើមឆ្នាំ២០២៤ ក្មេងទំនើងជាង៤០០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន ស្នងការ​រង​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ បាន​ថ្លែងប្រាប់​ក្រុមការងារ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ិ​ន​ធឺ​ណេ​ត​ក្រសួង​ព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា ៦ ខែ​ដើមឆ្នាំ​២០២៤ អគ្គស្នងការ​នរ​គ​បាល​ជាតិ បង្ក្រាប​បាន​នូវ​សកម្មភាព​ក្មេង​ទំនើង ចំនួន​៨០០​ករណី ដែល​កើន​២០០​ករណី បើ​ធៀប​ទៅ​នឹង​៦​ខែ​ដូច​គ្នា កាល​ដើមឆ្នាំ​២០២៣​។

ឯកឧត្តម បាន​បន្ថែម​ថា ក្នុង​ករណី​បង្ក្រាប​ខាងលើ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ចំនួន​២០០០​នាក់ ដោយ​ក្នុង​នោះ​ក្មេង​ទំនើង​ជាង​១៥០០​នាក់ ត្រូវ​បាន​អប់រំ ធ្វើ​កិច្ចសន្យា ប្រគល់​ជូន​អាណា​ព្យា​យ​បាល​វិញ​។ ដោយឡែក​ក្មេង​ទំនើង​ជាង​៤០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​ព្រហ្មទណ្ឌ​។

តាម​ឯកឧត្តម ស្នងការ​រង​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ បាន​លើក​ឡើង​ថា ការ​ចាប់ផ្តើម​ចេញ​សកម្មភាព​បង្ក្រាប​ក្មេង​ទំនើង​នេះ​យ៉ាង​ខ្លាំងក្លា​នេះ គឺ​បន្ទាប់​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អនុសាសន៍​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា​កន្លង​ទៅ​នេះ អគ្គស្នងការ​នគ​បាល​ជាតិ បាន​ចេញ​សេចក្តីណែនាំ​ដល់ មាតា​បី​តា​សិស្ស គ្រឹះស្ថានសិក្សា ដើម្បី​រួម​គ្នា​បង្ក្រាប​ក្មេង​ទំនើង តាម​រយៈ​ការ​អប់រំ​ណែនាំ និង​តាមដាន​ពិនិត្យ​នូវ​ស្ថានភាព​របស់​ពួក​គេ ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​។

ដោយឡែក​រយៈពេល​តែ​មួ​យស​ប្តា​ហ៍ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ដល់​៣០ ខែឧសភា អគ្គស្នងការ​នគ​បាល​ជាតិ បង្ក្រាប​ក្មេង​ទំនើង​បាន ចំនួន​៨២​ករណី នឹង​ឃាត់ខ្លួន​បាន​២៦៧​នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​២២៩​នាក់ ដោយ​ក្នុង​នោះ​មាន​៣៩​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

គួរ​រម្លឹក​ផង​ដែរ​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃ​ទី ២៣ ខែឧសភា បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ជា​ពិសេស​ក្រុម​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ ដែល​អុកឡុក​ក្នុង​សង្គម ដោយ​គ្មាន​ការ​យោគយល់ និង​លើកលែង​។ ការ​ដាក់​បទបញ្ជា​នេះ បន្ទាប់​ពី​សម្តេច​សង្កេត​ឃើញ​ថា នា​រយៈពេល​កន្លង​មកនេះ​មាន​ករណី​ក្មេង​ទំនើង​បង្កើត​ជា​បក្ខពួក​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​សង្គម​។

ជាមួយ​គ្នា​នោះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឯកឧត្តម ស ថេ​ត បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដោយ​ចាត់វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ក្មេង​ទំនើង​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ក្មេង​ទំនើង​អុកឡុក​សារ​ជា​ថ្មី​ទៀត​ទេ​៕

ប្រភព៖ ក្រសួងព័ត៌មាន