ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យយុវជនប្រុសស្រីរងរបួសធ្ងន់និងស្រាល ជនបង្កត្រូវបានឃាត់ខ្លួន

0

ព្រៃវែង​÷ នៅ​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង ០៧ និង ៣០​នាទី ក្រោយ​ពីរ​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​រកា​ធំ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​បាន​ពិនិត្យ​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង និង​ប្រមូល​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ ។

ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​០១​គ្រឿង ម៉ាក​ហ៉ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-8798 បើកបរ​ដោយ​ឈ្មោះ មិន រតនា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្វាយព្រៃ ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​០១​គ្រឿង ម៉ាក់​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JF-5026 បើកបរ​ដោយ​ឈ្មោះ ឡី ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ (​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ ដង្កៀបក្ដាម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​សិស្ស ( រង​របួសស្រាល​) អ្នក​រួម​ដំណើរ​ឈ្មោះ ផា​ន់ បទុម ភេទ​ស្រី អាយុ ១៧ ឆ្នាំ ជា​សិស្ស (​ពាក់មួក​សុវត្ថិភាព​)​មាន​ទីលំនៅ​ភូមិ​តាកែវ ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង (​រង​របួសធ្ងន់​)
សូម​បញ្ជាក់​ថា ចំពោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្របែក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​ព្យាបាល ចំណែកឯ​ជន​បង្ក អ្នក​បើករថយន្ត ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​ហៅ​មក​សាកសួរ​នាំ ចំពោះ​វត្ថុ​តាង មាន​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ដើម្បី​កសាង​សំណុំរឿង​នឹង​ធ្វើ​នីតិវិធី​បន្ត ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង