ចាប់បានក្មេងទំនើង ៩នាក់ ក្រោយធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក

0

ស្វាយរៀង៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ក្មេង​ទំនើង និង​មានការ​ចង្អុល​ណែនាំ​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដ៏​មុ​ឹ​ង​ម៉ាត់ ព្រមទាំង​ទទួល​បានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង រួច​មក​។

នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ក្រោម​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ភូមិ​ក្រោល​គោល ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ថា​មាន​ករណី​ក្មេង​ទំនើង ០១​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​មូលដ្ឋាន​រួច​មក លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ឲ្យ​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដឹកនាំ​កងកម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ០១​ក្រុម មាន​បក្សពួក​ចំនួន ០៩​នាក់ ប្រុស ដែល​មាន​អាយុ ចន្លោះ​ពី ១៩​ឆ្នាំ ដល់ ២០​ឆ្នាំ ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង រួម​មាន​÷ ម៉ូតូ ០៥​គ្រឿង​, កាំបិត ០២ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ដេញ​វាយ​គ្នា​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង រួម​ទាំង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បាន​ធ្វើការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង